image

សាររបស់អគ្គាធិការ


សូមស្វាគមន៍ លោក-លោកស្រី ដែលបានចូលមកកាន់គេហទំព័រ​ផ្លូវការ (website) របស់អគ្គាធិការដ្ឋាន (General Department of Inspection-GDI) ក្រសួងពាណិជ្ជកម្ម។ យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមជម្រាបជូនថា៖ អគ្គាធិការដ្ឋានត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ៣៨ អនក្រ.បក. ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណង​ដើម្បីបំពេញមុខងារជាសេនាធិការឱ្យក្រសួងពាណិជ្ជកម្ម ក្នុងបេសកកម្មធ្វើអធិការកិច្ចលើការងារបច្ចេកទេស ការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងការងារគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ និងធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ និងវិវាទ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គាធិការដ្ឋានបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល នីតិកាល​​ទី៧ នៃរដ្ឋសភា បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច លើកកម្ពស់ និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ដើម្បីធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព​នៃការផ្តល់សេវាសាធារណៈបម្រើដល់សាធារណជន ក៏ដូចជាលើកកម្ពស់​បរិយាកាស​ធុរកិច្ច និងវិនិយោគឱ្យ​កាន់តែ​ប្រសើរ​ឡើង។

 ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រខាងលើនេះ តម្រូវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីរាជការ និងសាធារណជនដែលពាក់ព័ន្ធទាំងឡាយហ៊ានសម្តែងនូវមតិយោបល់ ​ឬ ប្តឹងតវ៉ា អំពីការមិន​ពេញចិត្តក្នុងការបម្រើសេវា ឬ​ ការបំពេញតួនាទីរបស់មន្ត្រី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម មកកាន់អគ្គាធិការដ្ឋានយើងខ្ញុំ តាមរយៈ ប្រអប់ផ្តល់មតិ / ប្រអប់ពាក្យបណ្តឹង ដែលមាននៅក្នុងគេហទំព័រ: ​www.gdi.moc.gov.kh ឬ ប្រអប់សំបុត្រអេឡិកត្រូនិក (E-mail): complaint.gdi@moc.gov.kh   ឬ ប្រអប់ពាក្យបណ្តឹងរបស់អគ្គាធិការដ្ឋានដែលមានដាក់ជូននៅក្នុងបរិវេណនៃទីស្តីការក្រសួងពាណិជ្ជកម្ម ឬតាមបណ្តាញទំនាក់ទំនងសង្គម (Facebook: អគ្គាធិការដ្ឋាន នៃក្រសួងពាណិជ្ជកម្ម) ផងដែរ ដើម្បីផ្តល់លទ្ធភាពឱ្យអគ្គាធិការដ្ឋានអាចធ្វើការពិនិត្យ និងដោះស្រាយនូវរាល់សំណូមពរ បណ្តឹង និងវិវាទ របស់លោក-លោកស្រី បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អត្តសញ្ញាណរបស់លោក-លោកស្រី ដែលបានចូលរួមក្នុងការផ្តល់មតិយោបល់ ឬ បណ្តឹងនានា​ នឹងត្រូវបានរក្សាជាការសម្ងាត់បំផុត។

អគ្គាធិការដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក-លោកស្រី ដែលបានចូលរួមផ្តល់​​ មតិយោបល់ ឬ ដាក់ពាក្យបណ្តឹងក្នុងន័យស្ថាបនា កែលម្អ និងលើកកម្ពស់គុណភាព​នៃអភិបាលកិច្ចល្អ    សេវាពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ដែលមានគោលដៅ​ផ្តល់ប្រយោជន៍ធំធេងដល់សាធារណជន ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕​

សូមអរគុណ!